IAK01: លិខិតមិត្តអ្នកអាន៖ច្បាប់បន្ទប់ជួលរើសអើងយ៉ាងអយុត្តិធម៌ប្រឆាំងនឹងកម្មកររោងចក្រកាត់ដេរ
- Prum Seila, Gabrielle Ward, and Chhay Kimhorng
- Aug 26, 2015
- 1 min read

ច្បាប់គ្រប់គ្រងការជួលបន្ទប់(ច្បាប់ភតិសន្យាពិសេស)ដែលបានអនុម័តដោយរដ្ឋសភានៅក្នុងខែកក្កដា ដោយសមាជិក១០២នាក់ក្នុងចំណោម១០៤នាក់ ដើម្បីការពារកម្មកររោងចក្រកាត់ដេរនឹងត្រូវបានអនុវត្តនៅក្នុងឆ្នាំក្រោយ។ ច្បាប់នេះបានកំណត់តម្លៃជួលផ្ទះសម្រាប់កម្មករកាត់ដេរឲ្យនៅត្រឹងក្នុងរយៈពេលពីរឆ្នាំហើយអំឡុងពេលនោះដែលតម្លៃជួលផ្ទះមិនអាចឡើងថ្លៃបានទេ។
អគ្គិសនីកម្ពុជា(EDC)បានចុះធ្វើការសិក្សាក្នុងតំបន់មានដង់ស៊ីតេខ្ពស់ដែលសម្បូរផ្ទះជួលសម្រាប់កម្មករកាត់ដេរដែលមានគោលបំណងដើម្បីវាយតម្លៃផ្ទះជួលដែលនឹងត្រូវកំណត់អោយស្ថិរ បន្ទាប់ពីច្បាប់នេះដាក់ឲ្យអនុវត្ត។ ច្បាប់គ្រប់គ្រងការជួលផ្ទះត្រូវបានអនុវត្ត ស្របពេលច្បាប់កាត់បន្ថយតម្លៃអគ្គិសនីសម្រាប់អ្នកជួលផ្ទះដែលប្រើប្រាស់តិចជាង៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែដែលនេះនឹងកាត់បន្ថយការចំណាយរបស់កម្មករដែលមានប្រាក់ចំណូលទាប រួមទាំងអ្នកនៅក្នុងឧស្សាហកម្មកាត់ដេរ។
គោលបំណងនៃសហជីពការងារនិងអង្គការក្រៅរដ្ឋាភិបាលដែលបានជំរុញឱ្យមានកំណែទម្រង់នេះគឺដើម្បីធានាថាកម្មកររោងចក្រកាត់ដេរមិនត្រូវបានម្ចាស់ផ្ទះដំឡើងថ្លៃជួលច្រើនសម្រាប់ការស្នាក់នៅ ទោះជាយ៉ាងណាក៏ដោយផលវិបាកអចេតនាមួយនៃច្បាប់នេះគឺធ្វើឱ្យប៉ះពាល់ដល់កម្មកររោងចក្រកាត់ដេរច្រើនជាងទទួលបានផលប្រយោជន៍។ គណបក្សនយោបាយទាំងពីរបានគាំទ្រច្បាប់នេះដោយគ្មានការពិចារណាលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីកំណែទម្រង់នេះ។
ម្ចាស់ផ្ទះទំនងជាឆ្លើយតបទៅនឹងច្បាប់ថ្មីនេះ ដោយការបង្កើនថ្លៃជួល មុនពេលដែលអគ្គិសនីកម្ពុជាមានឱកាសក្នុងការសិក្សាពីតម្លៃផ្ទះជួលដែលនឹងដាក់សម្ពាធបន្ថែមទៀតលើអ្នកជួលផ្ទះសព្វថ្ងៃ។ ថ្លៃឈ្នួលផ្ទះដែលបានជួលដោយកម្មករកាត់ដេរត្រូវបានឡើងថ្លៃ ដើម្បីឱ្យម្ចាស់ផ្ទះកំណត់តម្លៃថេរសម្រាប់រយៈពីរឆ្នាំដើម្បីទទួលខុសត្រូវចំពោះអតិផរណានិងយថាភាពផ្សេងទៀត។ ផលប៉ះពាល់មួយទៀតដ៏ជាក់ច្បាស់គឺការកាត់បន្ថយចំនួនផ្ទះជួលសម្រាប់កម្មកររោងចក្រ។ នៅពេលដែលម្ចាស់ផ្ទះបានទទួលផលប្រយោជន៍តិចតួចក្នុងការជួលផ្ទះដល់កម្មកររោងចក្រ ព្រោះមិនអាចបង្កើនតម្លៃឈ្នួលផ្ទះឱ្យស្របតាមការកើនឡើងអតិផរណានិងការឡើងថ្លៃសម្ភារៈនានា។ ម្ចាស់ផ្ទះនឹងជួលផ្ទះទៅឱ្យកម្មករដទៃទៀតដែលច្បាប់គ្រប់គ្រងការជួលផ្ទះនេះមិនបានកំណត់ឬក៏គិតថ្លៃជាងតម្លៃទីផ្សារសម្រាប់កម្មករកាត់ដេរ។
ច្បាប់នេះគឺសម្រាប់តែវិស័យមួយនេះប៉ុណ្ណោះដែលអយុត្តិធម៌ចំពោះកម្មករកាត់ដេរដែលត្រូវបានរងផលប៉ះពាល់ពីច្បាប់នេះទៅវិញ។ កម្មករនៅក្នុងឧស្សាហកម្មដទៃទៀតអាចទទួលប្រយោជន៍ពីការផ្គត់ផ្គង់ចំនួនផ្ទះជួលដែលអាចមានតម្លៃថោកនិងគុណភាពល្អជាង។ វិធានការទាំងនេះនឹងបង្កើនតម្លៃផ្ទះជួលសម្រាប់កម្មករខ្ពស់ជាងអត្រាទីផ្សារ ហើយបានបង្ខំឱ្យពួកគេទៅរស់នៅឆ្ងាយពីរោងចក្រកាត់ដេរឬចែករំលែកផ្ទះជាមួយអ្នកដទៃនៅក្នុងស្ថានភាពផ្ទះចង្អៀត។ ជម្រើសនេះនឹងធ្វើឲ្យចំនួនផ្ទះជួលរបស់កម្មករកាត់ដេរថយចុះ ខណៈពេលដែលការបង្កើនតម្លៃជួលអាចប៉ះពាល់ដល់កម្មករកម្មករកាត់ដេរ។
កម្មកររោងចក្រកាត់ដេរមួយចំនួនរស់នៅក្នុងផ្ទះជួលដែលមានតម្លៃទាបហើយថេរក្នុងរយៈពេល២ឆ្នាំដែលនឹងបង្កើនផលលំបាកទាំងសងខាង អ្នកដែលស្ថិតនៅក្នុងកិច្ចសន្យាជួលផ្ទះនឹងត្រូវបានទទួលផលប្រយោជន៍ហើយបដិសេធប្រឆាំងអ្នកជួលថ្មីដែលជាពិសេសកម្មករកាត់ដេរមកពីខេត្តដែលទើបមករស់នៅរាជធានីភ្នំពេញថ្មី ពួកគាត់មានការអប់រំតិចតួចនិងមានបំណងរកប្រាក់សម្រាប់ខ្លួនគេនិងគ្រួសាររបស់គេ។
ការឡើងថ្លៃផ្សេងៗនឹងកាត់បន្ថយប្រាក់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្រីក្រនៅកម្ពុជាដែលរស់នៅតំបន់ដាច់ស្រយោលក្នុងការសម្រេចចិត្តប្តូរទីទៅរាជធានីភ្នំពេញ ដើម្បីធ្វើការនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរដែលវានឹងបន្តចាក់ឫសពួកគេនៅក្នុងវដ្តនៃភាពក្រីក្រ។
កិច្ចសន្យាពីរជាទម្លាប់ធម្មតានៅក្នុងប្រទេសកម្ពុជា ពេលដែលអ្នកជួលបុគ្គលិក អាជីវករ ចុះហត្ថលេខាលើកិច្ចសន្យាចំនួនពីរ កិច្ចសន្យាមួយនិយាយពីតម្លៃជាផ្លូវការដែលត្រូវបានបង្ហាញទៅអាជ្ញាធរដើម្បីអនុលោមតាមបទប្បញ្ញត្តិនិងកិច្ចសន្យាមិនផ្លូវការ មួយផ្សេងទៀតដែលនឹងនិយាយពីលក្ខខណ្ឌផ្សេងៗ។ កិច្ចព្រមព្រៀងបែបនេះអាចមានប្រយោជន៍ជាច្រើនដល់ម្ចាស់ផ្ទះនិងអ្នកជួល ជៀសជាងកិច្ចសន្យាផ្លូវការដែលកំណត់តម្លៃជួលថេរនោះ ប៉ុន្តែវាបានបដិសេធការការពារអ្នកជួលផ្ទះក្នុងកិច្ចសន្យាមិនផ្លូវការរបស់ពួកគេ។
ស្រដៀងគ្នានេះដែរ ការលេចឡើងនៃកិច្ចសន្យាជួលផ្ទះក្រៅផ្លូវការរវាងកម្មកររោងចក្រកាត់ដេរនិងម្ចាស់ផ្ទះជួល បានបដិសេធកិច្ចព្រមព្រៀងរបស់កម្មករដែលនាំឲ្យមានការរំលោភបំពាននានាក្នុងទំនាក់ទំនងនេះ។
ខណៈពេលដែលប្រាក់ប្រាក់ខែកើនឡើង ពួកអ្នកដែលទទួលបានផលប្រយោជន៍ពីតម្លៃឈ្នួលផ្ទះថេរនឹងមានជីវភាពរស់នៅល្អប្រសើរ ខណៈពេលដែលអ្នកផ្សេងទៀតទទួលបានតែបន្តិចបន្តួចលទ្ធផលពីការកើនឡើងប្រាក់ខែ។ នៅក្នុងប្រទេសទីផ្សារសេរី ថ្លៃឈ្នួលផ្ទះកើនឡើងស្របជាមួយអតិផរណានិងប្រាក់ខែកើនឡើង។ ថ្លៃឈ្នួលផ្ទះកើនឡើងមានផលប៉ះពាល់តិចជាង នៅពេលដែលបានលើកមកធៀបនឹងតម្លៃថេរដែលបណ្តាលឱ្យម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលកាន់តែខ្ពស់។
ច្បាប់គ្រប់គ្រងការជួលផ្ទះមានគោលបំណងដើម្បីការពារកម្មកររោងចក្រកាត់ដេរដែលមានផលវិបាកនឹងទទួលបានប៉ះពាល់យ៉ាងអយុត្តិធម៌។ ល្អបំផុត វានឹងផ្តល់ផលប្រយោជន៍ឲ្យកម្មករមួយចំនួនតូចនៅក្នុងរយៈពេលខ្លី ប៉ុន្តែនឹងនាំឱ្យកម្មករកាត់ដេរកាន់តែសភាពយ៉ាប់យឺនដោយចៀសមិនរួច តំបន់ជួលផ្ទះទាំងនោះនឹងវិវឌ្ឍទៅជាតំបន់អនាធិបតេយ្យដែលប៉ះពាល់កាន់តែខ្លាំងដល់កម្មករដែលបានចំណូលតិច៕
Gabrielle Ward និងព្រំ សិលា គឺជាអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថាន PRIME
ប្រែសម្រួលពីភាសាអង់គ្លេសដោយ ឆាយ គីមហ៊ង គឺជាជំនួយការអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថាន PRIME
សរសេរមកកាន់លោក ព្រំ សិលា តាមរយៈ prum.seila@prime-cambodia.org
* IAK01 = Issue Analysis Khmer 01 - Published on Voice of Democracy (VOD) Hot News on 26 August 2015 - http://vodhotnews.com/31690
Comentários